ខេត្តកំពង់ចាម ៖ បន្ទាប់ពីមានការព្រមានធ្ងន់ៗរបស់ ប្រមុខរាជរដ្ឋាភិបាលឱ្យបិទជាស្ថាពរនូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មហាជនសង្កេតឃើញថាគ្រប់រាជធានី-ខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា មានការថមថយច្រើនល្បែងស៊ីសងខុសច្បាប់នេះ។
ប៉ុន្តែតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម បានអោយដឹងថា ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ ស្ងប់ស្ងាត់បានត្រឹមតែមួយរយៈពេលខ្លីតែប៉ុណ្ណោះឥឡូវនេះក៏ចាប់ដំណើរការលេងយ៉ាងគគ្រឹកគគ្រេងវិញហើយ។
ប្រភពពីប្រជាពលរដ្ឋបានដឹងថា ជាក់ស្តែង បច្ចុប្បន្នល្បែងស៊ីសងខុសច្បាប់ជល់មាន់ តាមប្រព័ន្ធទូរទស្សន៍អនឡាញជាច្រើនកន្លែងស្ថិតនៅ ក្នុងស្រុកកំពង់សៀម ពិសេសផ្ទះរបស់ឈ្មោះ ហុក នៅភូមិវាលស្បូវ ឃុំអំពិល កំពុងបើកឱ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋបានបន្តថា បើទោះបីជាមានការប្រព្រឹត្តនូវល្បែងស៊ីសងខុសច្បាប់ទាំងនេះក៏គេនៅតែសង្កេតឃើញថា អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានបានត្រឹមតែនាំគ្នារក្សាភាពស្ងៀមស្ងាត់មិនចាត់វិធានការបង្ក្រាបឡើយ សង្ស័យទុកជាឆ្នាំងបាយ។
ករណីនេះប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរដល់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលទើបនឹងចូលកាន់តំណែងថ្មី កាលពីពេលថ្មីៗកន្លងទៅនេះ ពិសេសលោក ដួង សុភក្តិ មេប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិល មេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងបនល្បែងខុសច្បាប់ ជល់មាន់ តាមប្រព័ន្ធ ទូរទស្សន៍អនឡាញ នៅក្នុងមូលដ្ឋានរបស់ខ្លួនផង ដើម្បីជាការចូលរួមជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងក្របខណ្ឌទូទាំងប្រទេស ព្រោះប្រមុខរាជរដ្ឋាភិបាលបានប្រគល់ដាវទៅមន្រ្តី សមត្ថកិច្ចថ្នាក់ក្រោមហើយ បើថ្នាក់លើមិនបង្រ្កាបគឺ រាយការណ៍ជូនលោក។
ពាក់ព័ន្ធនិងករណីនេះ ភ្នាក់ងារសារព័ត៌មាន គេហទំព័រ ប្រទីប យើងនៅពុំទាន់អាចសុំការបំភ្លឺជុំវិញការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើបានទេ។
ដោយលោក ដួង សុភក្តិ មេប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិល តាមសារអេឡិចត្រូនិច តេឡេក្រាម មិនមានការឆ្លើយតប។
ចំណែកលោកអធិការនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម លោក ឯក ប៉ាន់ដន តាមប្រព័ន្ធតេឡេក្រាម មិនឆ្លើយតប។
ប៉ុន្តែទោះជាយ៉ាងណាមហាជនសង្ឃឹមថាសមត្ថកិច្ចនឹងចាត់វិធានការបង្ក្រាបក្នុងពេលឆាប់ៗនេះ៕