ខេត្តត្បូងឃ្មុំ ៖ ស្តេចក្រាញ់ ឈ្មោះ ទ្រី ដែលជាមេវង់ល្បែងបញ្ជល់មាន់ល្បីឈ្មោះប្រចាំ ខេត្តត្បូងឃ្មុំ បានចាប់ផ្តើមបើកដំណើការទៀតហើយ ដោយគៀងគរក្រុមអ្នកញៀនល្បែងអោយមកលេងកាន់តែច្រើនជាងមុន។ សកម្មភាពគឃ្លើនបែបនេះទំនងម្ចាស់សង្វៀនជល់មាន់រូបនេះ កំពុងសាកល្បងសមត្ថភាពអនុវត្តន៍ច្បាប់របស់់់លោក ចិន នី ស្នងការខេត្តត្បូងឃ្មុំ ដែលទើបចូលកាន់តំណែងថ្មីឬយ៉ាងណា?
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា ក្នុងភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ឃើញក្រុមអ្នកញៀនល្បែងបានប្រមូលផ្តុំគ្នាជួបជុំលេងល្បែង ជល់មាន់ និងអាប៉ោង ខុសច្បាប់ នៅក្នុងចំការស្វាយកែវរមៀតមួមួយកន្លែង យ៉ាងអនាធិបតេយ្យ។
ប្រជាពលរដ្ឋឲ្យដឹងថា ម្ចាស់សង្វៀនបញ្ជល់មាន់ខុសច្បាប់នេះ ឈ្មោះលោកទ្រី មានអំណាចខ្លាំងណាស់ ទើបអាចបើកល្បែងបញ្ជល់មាន់និងអាប៉ោង ដោយមិនខ្លាចរអែងច្បាប់បន្តិចសោះឡើយ។
ជាក់ស្តែង ចាប់ពីថៃ្ងទី ១៩ ខែឧសភា ឆ្នាំ២០២៤មកនេះ ស្រាប់តែឃើញចាប់បើកដំណើរការភ្នាល់ល្បែងខុសច្បាប់ឡើងវិញ និងកាន់តែគគ្រឹកគគ្រេងជាងមុន ទៅទៀតដោយភ្នាល់ជល់មាន់ក្នុងមួយគូរៗរហូតដល់រាប់រយពាន់ដុល្លារឯណោះ ហើយក្នុងមួយថ្ងៃៗ មានភ្នាល់ជល់មាន់ចាប់ពី១០ទៅ២០គូរក៏មាន។
ពាក់ព័ន្ធករណីល្បែងស៊ីសងខាងលើនេះដែរ លោក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ បានឲ្យភ្នាក់ងារសារព័ត៌មាន ដើមក្រសាំង អោយដឹងតាមទូរស័ព្ទ នៅថ្ងៃ ទី ២៣ ខែឧសភា ឆ្នាំ២០២៣ នេះថា មិនមានទេ លោកបានឲ្យប៉ុស្តិ៍ទៅរុះរើចោលអស់ហើយ។
សកម្មភាពបើកឲ្យលេងល្បែងសុីសង បញ្ជល់មាន់ អាប៉ោង ខុសច្បាប់របស់លោកទ្រី ឡើងវិញនេះ ដោយសារតែមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ទំនងទទួលលាភសក្ការៈពីលោកទ្រីហើយមើលទៅបានជាលោកទ្រីបើកលេងបានរាល់ថ្ងៃនេះ។..ចំណែកមន្ត្រីជំនាញបម្រើសន្តិសុខសុវត្ថិភាព នៅមូលដ្ឋាន ហាក់ដូចជាមិនគោរពនូវគោលនយោបាយ ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជានោះឡើយ។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំមង់រៀវលើកឡើងថា សង្វៀនបញ្ជល់មាន់ លេងអាប៉ោងរបស់លោកទ្រី ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពីការកើនឡើងនៃអំហិង្សាក្នុងគ្រួសារ អំពើចោរកម្ម និងការបែកបាក់គ្រួសារនៅក្នងមូលដ្ឋាន និងបានសំណូមពរយ៉ាងទទូចដល់លោក ឧត្តមសេនីយ៍ត្រី ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ មេត្តាចាត់មន្ត្រីជំនាញក្រោមឱវាទ ចុះមកស្រាវជ្រាវបង្ក្រាបវង់ល្បែងខុសច្បាប់មួយនេះ កុំឲ្យកើតមានបន្តទៅទៀតនៅក្នុងមូលដ្ឋានរស់នៅរបស់ពួកគាត់ផង៕