ខេត្តតាកែវ ៖ តាមប្រភពព័ត៌មានដែលទើបទទួលបានអោយដឹងថា មានបនល្បែងមាន់ជល់តាមអនទ្បាញ និងទ្បូតូជាច្រើនកន្លែង ទីតាំងទី១ស្ថិតនៅភូមិស្លា ឃុំតអូរ ស្រុកគីរីវង្ស ខេត្តតាកែវ ទីតាំងទី២ សិត្ថនៅភូមិច្រកជើគំា ឃុំកំពែង ស្រុកគីរីវង្ស ខេត្តតាកែវ បានចាប់ផ្តើមដំណើរការទទួលអតិថិជនដែលជាអ្នកញៀនល្បែងឡើងវិញហើយ ប្រភពបានបញ្ជាក់ថា ទីតាំងមាន់ជល់អនទ្បាញនិងទ្បូតូខាងលើ ក្នុងមួយថ្ងៃៗ មានអ្នកចូលលេងល្បែង រាប់សិបអ្នក និងភ្នាល់ប្រាក់រាប់លានរៀល ពេលចាញ់ឈ្នះហូរកញ្ជ្រៀវអ៊ឹងកង យ៉ាងទ្រហឹង បានប៉ះពាល់និងរំខាន ពលរដ្ឋជិតខាងជាខ្លាំង។ ប៉ុន្តែសំឡេងទាំងនោះ មិនបានឮប៉ះឬក៏រំខានដល់ អាជ្ញាធរមានសមត្ថកិច្ច ក្នុងស្រុកគីរីវង្ស នោះទេ។

បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា តើពួកគាត់សង្ឃឹមលើលោកមេប៉ុស្តិ៍ លោកមេឃុំ នឹងលោកអធិការស្រុកគីរីវង្ស ស្អីទៀត បើបនល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់ហើយ អស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរសុំ ឯកឧត្តម វី សំណងដែលទើបចូលកន់ដំណែងថ្មីជាអភិបាលខេត្តតាកែវ និងលោកឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ទេទើបអាចបង្ក្រាបបានមើលទៅ។

ប្រភពបន្តទៀតថា មួយរយះចុងក្រោយនេះ សមត្ថកិច្ច ស្រុកគីរីវង្ស ហាក់បីដូចជា កំពុងតែផ្គើន និងបទបញ្ជា របស់រាជរដ្ឋាភិបាល យ៉ាងពេញបន្ទុក ក្នុងការមិនទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ។

បើតាមពិតទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេថែរក្សាទុក។ បើតាមប្រភពខ្លះថា អាជ្ញាធរគេទុក្ខគ្រាន់ចិញ្ចឹមឆ្នាំងបាយ។

ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

ដូច្នេះប្រសិនបើមន្ត្រីអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះទេ គឺបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ មានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធ ដើម្បីលាភសក្ការៈ ដាក់ហោប៉ៅ រាងខ្លួន ដោយពុំបានអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញនោះទេ។

ពាក់ព័ន្ធនិងករណីនៅដែរ សារព័ត៌មានប្រទីប មិនទាន់អាចសុំការពន្យល់ពីលោកវរសេនីយឯក ជា សុផល អធិការនគរបាលស្រុកគីរីវង្សបាននៅឡើយនោះទេ ដោយពុំទាន់រកលេខទូរស័ព្ទបាន។

ទោះយ៉ាងណាក៏ដោយ ពលរដ្ឋក្នុងមូលដ្ឋាននៅតែទទូចស្នើរសុំ និងសំណូមពរ ដល់ឯកឧត្តម វី សំណាង អភិបាលខេត្តតាកែវ និងលោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងដុះស្លែរខាងលើនេះផងទាន៕