ខេត្តព្រៃវែង ៖ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿង ខេត្តព្រៃវែង និងបក្ខពួកសរុបចំនួន៨នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្ឋាននគរបាលស្រុកពាមរក៍ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន។

នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿង ដែលត្រូវបានកម្លាំងនគរបាលជំនាញស្រាវជ្រាវ និងអង្កេតឃើញថា ជាមេក្លោងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ឈ្មោះ យ៉ែម រ៉ាន់យ៉ា ហៅរ៉ាន់ អាយុ៤២ឆ្នាំ។ ជននេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចខារ៉ាអូខេមួយកន្លែង ស្ថិតក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង រួមជាមួយបក្ខពួក។

ក្រោយចាប់ឃាត់ខ្លួនកម្លាំងនគរបាលជំនាញ បានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រៃវែង ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់។ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ លោក អៀ ហាំឡេង ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្ត បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារពីបទ «ជួញដូរ ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន»។

តុលាការ ហេតុដូច្នេះសម្រេច

១-បញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទ ដែល មានឈ្មោះ យ៉ែម រ៉ាន់យ៉ា ហៅរ៉ាន់ ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តព្រៃវែង ដោយអនុវត្តឱ្យបាន ត្រឹមត្រូវតាមនីតិវិធីនៃច្បាប់។

២-បង្គាប់ឱ្យប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ខេត្តព្រៃវែង ទទួលជននេះ និងឃុំជននេះ រហូតដល់ មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។

៣-បង្គាប់ឱ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់នៅពេលត្រូវបានបង្ហាញដីកានេះ សហការ អនុវត្តឱ្យបានល្អនៅក្នុងករណីចាំបាច់ ៕