ខេត្តមណ្ឌលគិរី ៖ ផ្តើមចេញពីរឿងគ្មានបាយហូប ព្រានព្រៃម្នាក់បានប្រើកាំភ្លើងបាញ់សង្សាជាគ្រូពេទ្យសម្លាប់ចោល រួចបន្តបាញ់ទាំងខ្លួនឯងទៀត។

ករណីនេះបានកើតឡើងនៅម៉ោងជាង ១១និង២០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ដេកក្នុងភូមិពូជូ ឃុំអណ្តូងក្រឡឹង ស្រុកអូររាំងខេត្តមណ្ឌលគិរី។

ក្នុងហេតុការណ៍បាញ់ប្រហារនេះ ក៏បណ្តាលអោយក្មេងស្រីអាយុ៦ឆ្នាំម្នាក់ទៀតរងរបួសដៃផងដែរ។

ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ កែម កែវកន្និការ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរគ្រូពេទ្យ មានទីលំនៅភូមិឃុំកើតហេតុ បានស្លាប់ដោយគ្រាប់កាំភ្លើងត្រូវចំក្បាលសៀតផ្កាខាងស្តាំងធ្លាយចេញទៅខ្នង ហើយក្បាលគ្រាប់បន្តធ្លាយចំដៃកុមារីអាយុ៦ឆ្នាំ ដែលត្រូវជាកូន។

ក្នុងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សុខា នុត ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិព្នង ភូមិកំណើតនៅជាមួយគ្នា បានបញ្ជាក់ថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង២៣និង២៩នាទី ជនស្ស័យឈ្មោះ សុខា នុត បានយកកាំភ្លើងAK 47 មួយដើមដែលរើសបានក្នុងព្រៃ ដើរទៅរកនារីរងគ្រោះនៅបុស្តិ៍សុខភាពអណ្ដូងក្រឡឹង មុននិងចេញទៅរកសត្វឈ្លូសក្នុងព្រៃ។ ពេលទៅដល់ប៉ុស្តិ៍សុខភាព នារីរងគ្រោះឈ្មោះ កែម កែវកន្និកា និងកូនស្រីឈ្មោះ ជូ សាណា កំពុងដេកក្នុងបន្ទប់ប៉ុស្តិ៍សុខភាព ពេលនោះជនសង្ស័យ បានសួរនាំរឿងបាយហូប ហើយក៏ឈ្លោះប្រកែកគ្នា ដោយអ្នកទាំងពីរជាសង្សានិងគ្នា មួយសន្ទុះទើបឈានដល់ការបាញ់សម្លាប់ជនរងគ្រោះ។

ជនសង្ស័យឈ្មោះ សុខា នុត ក្រោយបាញ់សម្លាប់សង្សា បានព្យាយាមបាញ់ខ្លួនឯងចំនួន ២គ្រាប់ តែដោយសារគ្រាប់មិនផ្ទុះ ទើបជនសង្ស័យរត់គេចខ្លួន រហូតដល់ព្រឹកឡើងម៉ោង ០៥ និង៣០នាទី ទើបសមត្ថកិច្ចឃាត់ខ្លួនបាន។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងទៅតុលាការតាមនិតិវិធីច្បាប់ ៕