ស្ទឹងត្រែង_ព្រះវិហារ ៖ គ្រឿងញៀនជិត២០០គីឡូ ត្រូវបានសមត្ថកិច្ចបង្រ្កាបបាន ពេលឧក្រឹដ្ឋជនដឹកជញ្ជូនតាមគោយន្តកន្រ្តៃក្បែរព្រំប្រទល់នៃខេត្តស្ទឹងត្រែង និងព្រះវិហារ ខណៈសមត្ថកិច្ចកំពុងតាមរកជនប្រព្រឹត្តបទល្មើស២នាក់ដែលរត់គេចខ្លួន។

 

បើតាមការឲ្យដឹងពីសមត្ថកិច្ចស្ថិតនៅក្នុងប្រតិបត្តិការនោះបានបង្ហើបឲ្យដឹងថា ៖ គ្រឿងញៀនដែលបង្រ្កាបបាននោះ ជាប្រភេទមេតំហ្វេតាមីន ទាំងមានចំនួន៦ការ៉ុង ស្មើនិង៦០កញ្ចប់ធំ ទម្ងន់១៥៩គីឡូ ។

 

គួររំលឹកថាកាលពីថ្ងៃទី៨មករា វេលាម៉ោង៤ជិតភ្លឺ កម្លាំងសមត្ថកិច្ចនៃមន្ទីប្រឆាំងគ្រឿងញៀន (ក៩) របស់ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចព្រំដែន កម្ពុជា-ឡាវ (BLO) រួមនិងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ចុះប្រតិបត្តិការរួមគ្នាក្នុងបង្រ្កាបបទល្មើសនេះ នៅចំណុចអូរអន្លង់ស្វាយ ក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

 

សមត្ថកិច្ចបានបញ្ជាក់ថា ៖ ក្នុងពេលចុះប្រតិបត្តិការ បង្រ្កាបនោះ ជនសង្ស័យដែលកំពុងដឹកជញ្ជូនគ្រឿងញៀនបានរត់គេចខ្លួន ដោយបន្សល់ទុកនៅតែគ្រឿងញៀន និងវត្ថុតាងបម្រើឲ្យបទល្មើសមួយចំនួន មានគោយន្ត១គ្រឿង ទូរស័ព្ទ១គ្រឿង ។ បច្ចុប្បន្ន ជនទាំង២នាក់នោះ កំណត់អត្តសញ្ញាណបានហើយ សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ឃាត់ខ្លួន ។

សូមបញ្ជាក់ថា ៖ បញ្ហាគ្រឿងញៀននេះ ទាំងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ពង្រឹង ជម្រុញ វិធានការ តឹងតែង ដាក់បទបញ្ជាក់អោយសមត្ថកិច្ច បង្ក្រាប លុបបំបាត់ ៕