ខេត្តត្បូងឃ្មុំ ៖ ចាប់បើកៗហើយល្បែងស៊ីសងជល់មាន់និងអាប៉ោងយូគី ខ្នាតយក្សមួយកន្លែងដែលជារបស់លោក(លឹម) កំពុងតែបើកដំណើរការទទួលភ្ញៀវមកលេងយ៉ាងសប្បាយ ស្រែកហូរពេញចំការកៅស៊ូ ស្ថិតនៅក្នុងភូមិសង្គមមានជ័យថ្មី ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមិនមានការរំខានទៅដល់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានសោះឡើយ ប្រជាពលរដ្ឋកើតជាចម្ងល់ឆ្ងល់ថាល្បែងស៊ីសងជល់មាន់និងអាប៉ោង យូគីរបស់លោក(លឹម) មួយរូបនេះហេតុអ្វីមិនដែលឃើញមានសមត្ថកិច្ចរូបណាចុះមកទប់ស្កាត់ឬបង្ក្រាបទាល់តែសោះ។

ប៉ុន្តែផ្ទុយទៅវិញអាជ្ញាធររួមនិងសមត្ថកិច្ចមូលដ្ឋានបានរក្សាភាពស្ងៀមស្ងាត់ ហាក់បីដូចជាស្រវឹងភ្នែកងាប់ត្រចៀកស្ដូក មើលមិនឃើញស្ដាប់មិនឮ !

រីឯអ្នកចាញ់វិញប្រែទឹកមុខក្រៀមក្រំប្រឈម ជំពាក់គេនិងត្រូវដោះបំណុល អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា។

កើតអារម្មណ៍មួម៉ៅ ក្រពុលមុខ មកផ្ទះវិញ ឈ្លោះប្រកែកប្រពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៍មាន។

ព្រោះថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។

អាស្រ័យហេតុនេះពលរដ្ឋស្នើសុំដល់លោក ចិន នី  ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជាពិសេសលោក អភិបាលខេត្តត្បូងឃ្មុំ មេត្តា អន្តរាគមន៍ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសង មាន់ជល់និងអាប៉ោងយូគី របស់លោក(លឹម) ត្រង់ចំណុចខាងលើដោយក្ដីអនុគ្រោះ ដើម្បីអនុវត្តឲ្យនូវ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

រីឯលោក ស៊ាង ធារិន្ទ មេប៉ុស្តិ៍មេមត់ ភ្នាក់ងារយើង បានទូរស័ព្ទចំនួនពីរដងរាយការណ៍ជូនគាត់ប៉ុន្តែមិនមានអ្នកលើកទូរស័ព្ទ។

ចំពោះលោក ប៉ោង ស៊ីណាត អធិការស្រុកមេមត់ ភ្នាក់ងារយើងបានរាយការណ៍ជូនគាត់ដែរ លោកក៏បានសួរថាទីតាំងនៅកន្លែងណាហើយអរគុណក៏ចុចបិទទូរស័ព្ទតែម្ដងទៅ។

ពាក់ព័ន្ធករណីខាងលើនេះនៅថ្ងៃទី ១២ ខែ កក្កដាឆ្នាំ ២០២៥ អង្គភាពសារព័ត៌មានយើងបានរាយការណ៍ជូនទៅលោក ចិន នី ស្នងការខេត្តត្បូងឃ្មុំ លោកបានឲ្យដឹងតាមទូរស័ព្ទថាដាក់ទីតាំងមកចាំខ្ញុំបញ្ជា

កម្លាំងទៅ៕