ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់បុរសអ្នកមានល្បែងជល់មាន់៥នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចាប់បង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ កាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ។
សេចក្តីរាយការណ៏បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៏ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានបញ្ជាកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកស្រីវរសេនីយ៍ទោ ព្យុះ ចិន្ដា នាយរងការិយាល័យ សហការជាមួយកម្លាំង អន្ដរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចុះបង្ក្រាបទីតាំងជល់មាន់ខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចក្រោយសាលារៀនពូជ្រៃ(ក្រោមដើមស្វាយ)ស្ថិតនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ។
ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចឃាត់ខ្លួនអ្នកលេងជល់មាន់ចំនួន០៥នាក់ ម៉ូតូចំនួន១៣គ្រឿង ចំណែកម្ចាស់ម៉ូតូមួយចំនួនទៀតបានរត់គេចខ្លួនបាត់។ ម៉ូតូទាំង១៣គ្រឿងកម្លាំងជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធី។
យោងតាមរបាយការណ៏របស់សមត្ថកិច្ច ករណីបង្រ្កាបល្បែងស៊ីសង(មាន់ជល់) ឃាត់ខ្លួនចំនួន០៥នាក់ពួកគេមានទីលំនៅបច្ចុប្បន្នស្ថិតនៅ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។វត្ថុតាងចាប់យកបានរួមមាន ១.ម៉ូតូចំនួន១៣គ្រឿង ២.កន្ទ្រកដាក់មាន់ជល់ចំនួន០៤ ៣.មានជល់ចំនួន០២ក្បាល(រស់មួយ និងងាប់មួយ) ៤.ខ្នាយដែកចំនួន០១គូរ ៥.ស្គត់រុំជើងមាន់មួយចំនួន ៦.ទូរស័ព្ទចំនួន០៣គ្រឿង ៕