ខេត្តកំពង់ចាម ៖ ជនសង្ស័យដៃដល់ចំនួន ៣ នាក់ ត្រូវបានសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការនិងនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម តាមចាប់ខ្លួននៅក្នុងទឹកដីខេត្តសៀមរាប ។

ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃសុក្រទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅចំណុចទ្បដុតធ្យូង ស្ថិតនៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

សូមជម្រាបថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១១ និង២៧នាទី ប្រទះឃើញសាកសពអត់ក្បាលដេក ស្លាប់ក្នុងវាលស្រែ ស្ថិតនៅភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

នគរបាលនាយកដ្ឋានព្រហ្មទណ្ឌបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ករណីឃាតកម្ម នាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានចាត់កម្លាំងជំនាញដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុនីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ចុះដឹកនាំកម្លាំងជំនាញ និងមានការចូលរួមសហការ ជាមួយនគរបាលខេត្តកំពង់ចាម បើកការស៊ើបអង្កេតបន្ទាន់ តាមនីតិវិធី ដោយកំណត់បានអត្តសញ្ញាណជនសង្ស័យចំនួន៣នាក់ មានឈ្មោះដូចខាងក្រោម៖

*ទី១៖ ឈ្មោះ តាំង ចេងម៉េង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាមុំ

*ទី២៖ ឈ្មោះ ហឹម លីសា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

*ទី៣៖ ឈ្មោះ ប្រាង សិទ្ធ ហៅ ហិន សិត ហៅ ហ៊ិន ជាពីសិដ្ឋ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នគរបាលបានបន្តថា ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូត វត្ថុតាងរួមមាន៖ រថយន្តមួយគ្រឿងម៉ាក camry, អាវុធ អាកា ១ដើម, អាវុធ សេកាសេ ២ដើម, អាវុធ កែច្នៃ ០២ដើម និងគ្រាប់មួយចំនួន។

ផ្អែកតាមចម្លើយសារភាព របស់ជនសង្ស័យបានសារភាពថា៖ កាលពីថ្ងទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០១អាធ្រាត ពួកខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ ជនរងគ្រោះ ឈ្មោះ WU SONG ហៅ ស្វិត ហៅ សុង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរម៉ៅការសំណង់ ពិតប្រាកដមែន ខណៈពេលជនរងគ្រោះ ជិះរថយន្តជាមួយពួកខ្លួនចេញពីការដ្ឋានខេត្តពោធិ៍សាត់ ហើយដឹងថាជនរងគ្រោះ ទើបបើកប្រាក់ ពួកខ្លួនក៏មានគំនិតសម្លាប់ជនរងគ្រោះ ដោយយកកន្សែងរឹតក និងយកពូថៅកាត់ក្បាលតែម្តង។ មូលហេតុ ដោយសារតែខឹងនិងជនរងគ្រោះជំពាក់ប្រាក់មិនសង។

ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយ ពួកខ្លួន បានយកក្បាលច្រកចូល ក្នុងកាបូបខ្មៅមួយ ហើយយកទៅបោះចោល នៅចំណុចស្រះមួយកន្លែងស្ថិតនៅ ឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំណែកពូថៅ យកទៅបោះចោលនៅស្ពានត្រោះ ស្ថិតក្នុងស្រុក បាធាយ ខេត្តកំពង់ចាម ហើយប្លន់យកប្រាក់បានមួយចំនួននាំគ្នាគេចមកលាក់ខ្លួនចំណុចទ្បដុតធ្យូង

ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

នគរបាលបានបន្តថា ជនសង្ស័យ ទាំង៣នាក់ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ ដោយឡែកអាវុធបានប្រគល់ទៅឲ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕