សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា «ក្នុងឱកាសដ៏ឧត្ដុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់សម្តេចពិជ័យសេនា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ សូមសម្ដែងនូវការអបអរសាទរជាមួយមនោសញ្ចេតនាសប្បាយ រីករាយប្រកបដោយសេចក្តីស្រឡាញ់រាប់អាន ព្រមទាំងសូមជូនពរជ័យ សិរីមង្គលដ៏មហាប្រសើរគ្រប់យ៉ាងជូន សម្តេចពិជ័យសេនា។

ឆ្លៀតក្នុងឱកាសដ៏សិរីមង្គលនេះផងដែរ យើងខ្ញុំសូមសម្ដែងនូវការកោតសរសើរយ៉ាងក្រៃលែង ចំពោះ សម្តេចពិជ័យសេនា ដែលជាឥស្សរជនស្នេហាជាតិ ស្នេហាប្រជាជនដ៏ស្មោះស្ម័គ្រ ដែលកន្លងមក តែងខិតខំ ប្រឹងប្រែងតស៊ូព្យាយាមអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា និងបានរួមចំណែកអនុវត្តគោលនយោបាយ ឈ្នះ-ឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី សន្តិភាព សុវត្ថិភាពជូនប្រជាជន និងបានកសាងសមិទ្ធផលសង្គមជាច្រើន ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព វឌ្ឍនភាពនិងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទិ្ធបារមីខ្លាំងក្ល វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូន សម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខុមាលភាពល្អ បរិបូរណ៍ និងសូមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕