ទួរគី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងកាលពីថ្ងៃអាទិត្យចំពោះវិបត្តិមនុស្សធម៌កាន់តែអាក្រក់នៅក្នុងប្រទេសស៊ូដង់ ជាពិសេសការលើកឡើងពីអំពើហិង្សាលើជនស៊ីវិលនៅក្នុងរដ្ឋ Al Jazirah ។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Anadolu នៅថ្ងៃច័ន្ទសប្តាហ៍នេះ។

ក្រសួងការបរទេសទួរគីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពមនុស្សធម៌នៅស៊ូដង់ និងការវាយប្រហារលើជនស៊ីវិលនៅក្នុងរដ្ឋ Al Jazirah ជាការរំលោភលើច្បាប់មនុស្សធម៌” ។

ក្រសួងបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់បទឈប់បាញ់ “ដោយគ្មានការពន្យារពេលបន្ថែមទៀតដើម្បីស្តារសន្តិភាព និងស្ថិរភាព”។

ក្រសួងក៏បានជំរុញឱ្យចាត់វិធានការរហ័សដើម្បី “ធានាឱ្យមានការវិលត្រឡប់នៃជនភៀសខ្លួនទៅកាន់ផ្ទះរបស់ពួកគេ និងការបញ្ជូនជំនួយមនុស្សធម៌ដោយមិនមានការរំខាន”។

សេចក្តីថ្លែងការណ៍បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ Türkiye ចំពោះ “អធិបតេយ្យភាព ឯករាជ្យភាព បូរណភាពទឹកដី និងឯកភាពជាតិ” របស់ស៊ូដង់។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ជាផ្នែកមួយនៃការប្តេជ្ញាចិត្តនេះ ទីក្រុងអង់ការ៉ាបានសន្យាថានឹងបន្តគាំទ្រផ្នែកមនុស្សធម៌ដើម្បី “កាត់បន្ថយការឈឺចាប់របស់ប្រជាជនស៊ូដង់” ៕