ខេត្តកំពង់ចាម ៖ សកម្មភាពជីកកាយយកអាចម៍ដីលក់បានកំពុងកើត មានយ៉ាងគគ្រឹកគគ្រេងពីក្រុមឈ្មួញ ស្របពេលដែលអាជ្ញាធរហាក់ដូចជាធ្វើមិនដឹងមិនឮ ឬឃុបឃិតជាមួយពួកឈ្មួញក្នុងផលប្រយោជន៍ណាមួយ។ គេមិនឃើញមានអាជ្ញាធរមានសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យពីបទ ដ្ឋានបច្ចេកទេសក្នុងការជីកកកាយយកអាចម៍ដីនៅតំបន់ខាងលើនោះឡើយ។

ប្រភពព័ត៌មានឲ្យដឹងថា ក្រុមឈ្មួញគ្រឿងចក្រកាយអាចម៍ដីលក់មានពីរក្រុម ដែលកំពុងធ្វើសកម្មភាពកាយគាស់ដីព្រៃលិចទឹក នៅខាងក្រោយ ភូមិព្រែកជ្រឹង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ពលរដ្ឋអ្នកភូមិនៅឃុំព្រែករំដេងបានដឹងអំពីសកម្មភាព នៃការជីកកកាយយកអាចម៍ដីលក់ ជាមួយរថយន្តច្រើនគ្រឿងទាំងនោះដែរ ប៉ុន្តែមិនដឹងថា តើពួកអ្នកជីកយកអាចម៍ដីទាំងនោះមានច្បាប់អនុញ្ញាតដែរឬក៏យ៉ាងណានោះទេ។យ៉ាងណា ក៏ដោយអ្នកភូមិប្រាប់ថា ក្រុមអ្នកជីកដីទាំង នោះមើលទៅដូចជាអាណាធិបតេយ្យខ្លាំងណាស់ ដោយមិនមានឃើញសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យនោះទេ។

រណ្ដៅដីត្រូវគេប៉ាន់ស្មានថា មានជម្រៅជាង២ម៉ែត្រ និងមានរថយន្តជិត២០គ្រឿងកំពុងធ្វើសកម្មភាពដឹកជញ្ជូនអាចម៍ដីបន្តកន្ទុយគ្នាយកទៅចាក់បំពេញកន្លែងផ្សេងៗនៅ ក្នុងមូលដ្ឋានក្បែរៗនោះ។ ពលរដ្ឋនិយាយថា ក្រុមគ្រឿង ចក្រទាំងនោះមើលទៅហាក់ដូចជាមានការប្រយ័ត្នប្រយែងចំពោះអ្នកចំណូលថ្មី,ជនប្លែកមុខ ជាពិសេសក្រុមអ្នកកាសែតត្រូវបានរារាំងឬហាមឃាត់មិនឲ្យចូលទៅដល់តំបន់នោះទេ។

លោកស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ បានប្រាប់អ្នក សារព័ត៌មានថា គាត់មិនដឹងទេ ចាំគាត់សួរទៅឃុំសិន។ វាជារឿងលំបាកដែលអាជ្ញាធរស្រុកស្រីសន្ធរ មិនដឹងអំពី អ្វីដែលកំពុងកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងបញ្ហាផលប្រយោជន៍ ដូចនេះ។ ទោះយ៉ាងណាក៏ដោយ គេរំពឹងថាអាជ្ញាធរជំនាញខេត្តកំពង់ចាមនឹងពិនិត្យមើលករណីដែលកំពុងកើតមាននៅក្នុងទីតាំងខាងលើនេះ ដើម្បីឲ្យប្រជាពលរដ្ឋបានអស់កង្វល់ផង៕