ព្រៃវែង៖ ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បាននឹងកំពុងដាក់សង្ស័យពីភាពមិនប្រក្រតីចំពោះលោកគិត ថារិទ្ធជាម្ចាស់ផ្ទះកំពុងចាក់សាបពង្រីកទីធ្លារមុខផ្ទះរំលោភលើដីចំណីផ្លូវសាធារណៈបង្កជាការរិះគន់ពេញស្រុកស្វាយអន្ទរ។

ក្នុងនោះដែរលោកគិត ថារិទ្ធ ជាម្ចាស់ផ្ទះដែលរងការរិះគន់នេះ មានទីទីលំនៅភូមិពោធ៌ិចិន្តាំ ឃុំស្វាយអន្ទរ ស្រុស្វាយអន្ទរ ខេត្តព្រៃវែង។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះពលរដ្ឋសង្កេតឃើញថា៖សំណង់រឹងដែលរំលោភយកដីចំណីផ្លូវសាធារណៈ បានចាក់សាបរួចជាស្រេចហើយ

ដោយគ្មានការហាមឃាត់ទប់ស្កាត់អ្វីទាំងអស់ មិនតែប៉ុណ្ណោះសំណង់រឹងទាំងនោះបានចាក់សាបខ្ពស់ជាងទ្រុងផ្លូវ និងគម្រប់លូ បើសិនមានភ្លៀងធ្លាក់នឹងជន់លិចផ្លូវមិនខាន។

ពលរដ្ឋបានលើកឡើងជាសំនួរទៀតថា៖ ការចាក់សាបឬសំណង់រឹងដែលមានកម្ពស់ខ្ពស់លើសកម្រិតបែបនេះអាចបង្កជាបញ្ហាអ្វីខ្លះ? តើមានច្បាប់អនុញ្ញាតសាងសង់ដែលឬទេ? ហើយនឹងគោរពតាមបទប្បញ្ញត្តិស្តីពីដីចំណីផ្លូវសាធារណៈ ជាពិសេសដីចំណីផ្លូវជាតិលេខ១១នេះផ្ទាល់តែម្តង។

ករណីនេះបើសិនអាជ្ញាធរចេះតែធ្មេចភ្នែកបណ្តែតបណ្តោយឱ្យមានការចាក់សាបឬសំណង់រឹងលើដីចំណីផ្លូវសាធារណៈគ្រប់គ្នាបែបនេះបាន ម្លេះ!បុគ្គលម្នាក់ៗ នឹងចាក់រំលោភតាមគ្នាបន្តអត់ឈប់ឈរ និងឃាត់លែងស្តាប់។

ជាពិសេសគឺនៅមុខផ្ទះរបស់លោក គិត ថារិទ្ធ តែម្តងព្រោះមានការចាក់សាបខ្ពស់ជាងគេដាច់តែម្តង វាខុសពីបទដ្ឋានទូទៅ និងអាចរំលោភបំពានលើតំបន់ការពារនៃផ្លូវជាតិ ឬដីចំណីផ្លូវសាធារណៈ។

ស្ថានភាពនេះបានជំរុញឱ្យមានចម្ងល់ជាច្រើនអំពីកម្រិតនៃការកំណត់ព្រំប្រទល់ដីចំណីផ្លូវជាតិលេខ១១ នៅក្នុងដែនសមត្ថកិច្ចស្រុកស្វាយអន្ទរ ថាតើគួរកំណត់ត្រឹមណាឱ្យបានច្បាស់លាស់ និងអនុលោមតាមគោលការណ៍ប្លង់គោល។

ជុំវិញករណីនេះភ្នាក់ងារសារព័ត៌មានយើងបានខលទូរស័ព្ទទៅសួរលោក គិត ថារិទ្ធ លោកបានលើកឡើងថាការសាងសង់នេះគឺមិនមានការសុំច្បាប់ឬការអនុញ្ញាតពីនរណានៅឡើយ ពោលគឺលោកធ្វើទាំងចិត្តខ្លួនឯង។

រីឯលោក សន សារ៉ន មេឃុំស្វាយអន្ទរ បានប្រាប់សារព័ត៌មានយើងរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នេះថា៖ ការសាងសង់ផ្ទះដើមឡើយពិតជាមានការស្នើសុំច្បាប់អនុញ្ញាតត្រឹមត្រូវ។

យ៉ាងណាមិញ លោកបានសង្កត់ធ្ងន់ថា ចំពោះការចាក់សាបដែលមានកម្ពស់ខ្ពស់នៅខាងមុខផ្ទះនោះ ម្ចាស់ផ្ទះពុំបានមកស្នើសុំច្បាប់អនុញ្ញាតបន្ថែមនោះឡើយ។ សេចក្តីបំភ្លឺនេះបានបង្ហាញឱ្យឃើញថា ផ្នែកបន្ថែមនៃសំណង់ខាងក្រៅផ្ទះ គឺមិនទាន់មានការយល់ព្រមពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវតាមនីតិវិធីនៅឡើយទេ។

ស្របពេលជាមួយគ្នា លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ ក៏បានទទួលស្គាល់ថា លោកបានមើលឃើញនូវភាពមិនប្រក្រតីផ្នែកបច្ចេកទេសនៅផ្នែកខាងមុខសំណង់ផ្ទះខាងលើនេះដែរ។

លោកអភិបាលស្រុកបានបន្ថែមថាកន្លងមក អាជ្ញាធរធ្លាប់បានបញ្ជូនមន្ត្រីជំនាញឱ្យចុះទៅណែនាំម្ចាស់ផ្ទះអំពីភាពមិនប្រក្រតីទាំងនេះម្តងរួចមកហើយ។ ប៉ុន្តែ លោកបានសម្តែងការហួសចិត្តដោយសកម្មភាពសាងសង់នៅតែបន្តធ្វើឡើង ទោះបីមានការណែនាំពីមន្ត្រីជំនាញក៏ដោយ ដែលនេះជាការបង្ហាញពីការមិនអនុវត្តតាមអនុសាសន៍របស់អាជ្ញាធរមានសមត្ថកិច្ច។

មជ្ឈដ្ឋានទូទៅ រួមជាមួយប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះ បានធ្វើការសំណូមពរយ៉ាងទទូចទៅកាន់លោកអភិបាលស្រុកស្វាយអន្ទរ ឱ្យជួយពិនិត្យ និងចាត់វិធានការច្បាប់ទម្លាប់ឲ្យបានម៉ឺងម៉ាត់ ចំពោះករណីដីចំណីផ្លូវសាធារណៈនេះ។ ការអន្តរាគមន៍ពីអាជ្ញាធរដែនដី គឺមានសារៈសំខាន់ណាស់ក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈ ធានានូវការគោរពច្បាប់សំណង់ និងការប្រើប្រាស់ដីសាធារណៈឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការរំលោភបំពានដែលអាចបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពទីប្រជុំជន។ ករណីនេះនៅតែជាប្រធានបទដ៏ក្តៅគគុកមួយដែលទាមទារឲ្យមានការបកស្រាយ និងដំណោះស្រាយប្រកបដោយតម្លាភាពពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច៕