ខេត្តកំពង់ចាម​៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានអះអាងថា​ បើគិតប្រាក់ឈ្នួលរបស់កម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ ជាមធ្យមប្រមាណជា ១៤១លានដុល្លារ ក្នុង១ឆ្នាំ បានរួមចំណែកបង្កើនចំណូលរបស់ប្រជាជន ខេត្តកំពង់ចាមប្រចាំឆ្នាំ(GDP) ក្នុងម្នាក់ៗ ចំនួន២.៤៧៨ ដុល្លារ។​ ថ្លែងបែបនេះ​ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ«រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» ដែល​បាន​ធ្វើ​ឡើង​ នាព្រឹកថ្ងៃទី​១​ ឧសភា​ ២០២៥​ ​នៅ​ក្រុមហ៊ុន ជេហ្សេតគ្លរី អេនធើប្រាយ ឯ.ក​ ស្រុកជេីងព្រៃ​ ក្រោមវត្តមាន​អញ្ជើញចូលរួមជាគណ:អធិបតី ឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម​។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ក្នុងខេត្តកំពង់ចាម មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុប ៦២៣សហគ្រាស កម្មករ និយោជិតសរុប ៤៧.០៣២នាក់ ក្នុងនោះឧស្សាហកម្មវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន ២៧កន្លែង កម្មករ និយោជិតចំនួន ៣០.៥២០នាក់ ដោយកម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ម្នាក់ៗទទួលបានប្រាក់ចំណូល ជាមធ្យម ២៥៤ដុល្លារ និងវិស័យផ្សេងៗ ទទួលបានប្រាក់ចំណូល ជាមធ្យម ២៣៤ដុល្លារ ក្នុង​១ខែ​ ។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានលេីកឡេីងផងដែរថា​ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នៅក្នុងឆ្នាំ២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានបណ្តុះបណ្តាលលើជំនាញ សិស្សានុសិស្ស មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ បានចូលរួមកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សរុបចំនួន ១.០១០នាក់ ៕

You missed